គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ទស្សនកិច្ចនៅក្រុមហ៊ុនខនហ្វីរេលរបស់មន្រ្តីជាន់ខ្ពស់មកពីអង្គការ UNIDO: នរានុវត្តន៍ និងភាពជាដៃគូ

កាលបរិច្ឆេទ: ០៨ កក្កដា ២០២៥ / សុខភាព / Author : ATH Sokren

កាលពីថ្ងៃទី១៩ មិថុនា លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន-សហគ្រាស ប៉េប៉េអឹម-ខនហ្វីរេល បានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោក Ali Badarneh នាយកផ្នែកសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធចំណីអាហារនៅអង្គការ UNIDO ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងក្របខណ្ឌគម្រោង CAPFISH CAPTURE របស់អង្គការ ONUDI ប្រចាំនៅកម្ពុជា។

លោកឧកញ៉ាឱសថបណ្ឌិតបានបង្ហាញពីផលិតផលច្នៃប្រឌិតថ្មីមួយក្នុងចំណោមផលិតផលច្នៃប្រឌិតជាច្រើនរបស់ក្រុមហ៊ុន នោះគឺប្រហុកម្សៅម៉ាកគីរម្យ ដែលទើបតែទទួលបានវិញ្ញាបនបត្រអន្តរជាតិនៅប្រទេសបារាំង និងនៅកម្ពុជា។ ប្រហុកខ្មែរដែលជាគ្រឿងផ្សំបែបប្រពៃណីតាំងពីបរមបុរាណត្រូវបានកែច្នៃជាលើកដំបូងឱ្យទៅជាម្សៅប្រហុក ដោយធ្វើការបំបាត់សារជាតិ histamine ដែលបង្កជាអាលែហ្ស៊ី និងកាត់បន្ថយជាតិអំបិល និងអាចប្រើប្រាស់ធ្វើជាគ្រឿងផ្សំសម្រាប់អាហារច្រើនប្រភេទមិនថាតែនៅស្រុកខ្មែរនោះទេ។

លោក Ali Badarneh កោតសរសើរចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិតរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង និងរបៀបធ្វើការរបស់លោកក្នុងការលើកតម្លៃផលិតផលក្នុងស្រុកជាមួយនឹងគុណភាពខ្ពស់ ឆ្លើយតបទៅនឹងស្តង់ដារជាតិ និងអន្តរជាតិ។ ការទទួលស្គាល់នេះស្តែងចេញតាមរយៈលិខិតអញ្ជើញដ៏មានកិត្តិយសសម្រាប់លោកឧកញ៉ាឱសថបណ្ឌិតឱ្យចូលរួមសន្និសីទថ្នាក់អន្តរជាតិ « UN Food System Forum » ដែលនឹងប្រព្រឹត្តទៅនៅប្រទេស Éthiopie ក្នុងខែកក្កដានេះ ដើម្បីចែករម្លែកពីបទពិសោធន៍ និងជំនាញរបស់លោក៕